អ្នក​ស្រី ញឹម ​សុខា​ តារា​​សម្តែង​​មាន​ជីវភាព​លំបាក​​ ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ពី សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​

នៅថ្ងៃសុក្រ ទី ១១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសហការីជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់អ្នកស្រី ញឹម សុខា ជាតារាសម្តែងវ័យ ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ ហើយឆ្លៀតពេលធ្វើការងារផ្ទះឱ្យគេ និងមានកូនស្រីអាយុ ១៥ឆ្នាំក្នុងបន្ទុក កំពុងស្នាក់នៅផ្ទះជួល ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់អ្នកស្រីញឹម សុខា សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតតាមរយៈអាជីវកម្មខ្នាតតូច ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឱ្យបានល្អអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីជៀសផុសពីជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ ក្មួយស្រី ដែលកំពុងសិក្សាថ្នាក់ទី១០ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

អ្នកស្រី ញឹម សុខា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនអ្នកស្រី ញឹម សុខា រួមមាន អង្ករ ១២០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ឃីត (មុង ភួយ សារុងក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែក ផ្តល់ជូនកូនស្រីរបស់អ្នកស្រី រួមមាន កាបូបស្ពាយ១ សម្ភារសិក្សាមួយចំនួន និងថវិកា ១លានរៀល៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង