កំពង់ឆ្នាំង៖ គិតត្រឹមម៉ោង២រសៀល ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ ករណីសង្ស័យពុលស្រាមានមេតាណុល នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជនរងគ្រោះសរុបកើនឡើងដល់ចំនួន១៣១នាក់ ក្នុងនោះមានអ្នកស្លាប់កើនដល់៧នាក់។ នេះបើតាមរបាយការណ៍បឋមស្តីពីការពុលស្រាមានសារធាតុមេតាណុល ដែលលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
របាយការណ៍ បានអោយដឹងទៀតថា បច្ចុប្បន្នអ្នកជំងឺមានការវិវត្តន៌មកស្ថានភាពល្អប្រសើរឡើងវិញហើយ ក្នុងនោះ អ្នកចេញជាសះស្បេីយមានចំនួន ៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
ដោយឡែកអ្នកស្លាប់ចំនួន ៧នាក់ គឺស្លាប់នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ពុលស្រាសនេះបានកើតឡើង ភា្លមៗនោះ កាលល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន០៣រូប និងមានក្រុមឆ្លើយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះធ្វើដំណើរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដើម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
ក្រសួងសុខាភិបាល ក៏បានចាត់វិធានការហាមការផឹកស្រាស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាស ជាបន្ទាន់ និងបានសង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លើកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។ ក្រសួងសុខាភិបាល ក៏នៅតែបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ៕