ឯកឧត្តម អម សុភា នាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ឆ្នាំ២០២០នៅឃុំខុនរ៉ងស្រុកបរិបូរណ៍

  • កំពង់ឆ្នាំង អំណោយរបស់រាជរដ្ឋាភិបាលជាគ្រឿងឧបភោគបរិភោគនិង សម្ភារៈប្រើប្រាស់ ផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា សម្រាប់ជួយបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ត្រូវបានឯកឧត្តម អមសុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅឃុំខុនរ៉ងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០

    លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា អំណោយសង្រ្គោះបន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានចែកជូនដល់ពលរដ្ឋរងគ្រោះ៨០គ្រួសារ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ អំណោយដែលត្រូវផ្តល់ជូននេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស សារ៉ុង១ កន្ទេល១ មុង១ ត្រីខ១យួរ ទឹកត្រី១យួរ និង ទឹកស៊ីអ៊ីវ១យួរ 

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ដែលរងគ្រោះ គេចផុតពីការជួយសង្រ្គោះរបស់រាជរដ្ឋាភិបាលនោះឡើយ

    ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងដំណាក់កាលដែលប្រជាពលរដ្ឋជួបការលំបាក និង រងគ្រោះដោយទឹកជំនន់នេះ កន្លងមក ប្រមុខរាជរដ្ឋាភិបាលបានផ្តល់នូវស្រូវពូជ និង ពូជបន្លែដល់ប្រជាកសិករដែលរងនូវផលប៉ះពាល់ពីជំនន់ ដើម្បីឲ្យប្រជាកសិករ អាចចាប់ផ្តើមជាថ្មីលើការងារបង្ករបង្កើនផលស្រូវនេះ និង ដាំដំណាំរួមផ្សំ នេះផងដែរ

    ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវតែរូតរះ និង ខិតខំប្រឹងប្រែង លើការងារបង្ករបង្កើនផលស្រូវ ដាំដំណាំនិងចិញ្ចឹមសត្វ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ហើយអាជ្ញាធរ មូលដ្ឋានត្រូវតែតាមដាន ស្រាវជ្រាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ដែលខ្វះខាត ពូជស្រូវ និង ពូជដំណាំ សម្រាប់ការងារដាំដុះផងដែរ ជាមួយនេះ ប្រជាពលរដ្ឋក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើវិធានាការអនាម័យជាប្រចាំសម្រាប់ជីវភាពប្រចាំថ្ងៃនិងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩   

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង