នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមករា ក្នុងជំនួបប្រជុំទ្វេរភាគីជាមួយ ឯកឧត្តម Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុក ប្រតិបត្តិការសន្តិភាព នៅការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តឆន្ទ:របស់ខ្លួន ក្នុងការចូលរួម និងគាំទ្របេសកកម្មអង្គការសហប្រជាជាតិ ជាពិសេសការបង្កើនកម្លាំង មួកខៀវជានារីក្នុងបេសកកម្មរក្សាសន្តិភាព ។
ជាការឆ្លើយតប ឯកឧត្តម Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព បានធ្វើការកោតសរសើរ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជា ដែលចូលរួមយ៉ាងសកម្មលើវិស័យរក្សាសន្តិភាព ពិសេសការបញ្ចូនកម្លាំង ទៅកាន់បេសកកម្មរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ក្នុងដំណើរបេសកកម្មការងារនៅសហរដ្ឋអាមេរិកនេះ កាលពីថ្ងៃទី១៥ ខែមករា ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានដឹកនាំប្រតិភូចូលរួមចរចារអនុស្សារណ:យោគយល់គ្នា ស្តីពីការបន្ថែម និងកែតម្រូវ សម្ភារ:បំពាក់កងកម្លាំងសម្រាប់កងកម្ទេច គ្រឿងផ្ទុះកម្ពុជាក្នុងបេសកកម្មនៅ សាធារណរដ្ឋម៉ាលី៕