ពោធិ៍សាត់ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរ និង សមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះដោយករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ និង មួយចំនួនទៀតកំពុងសម្រាកព្យាបាលនោះ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ឯកឧត្តមម៉ៅ ធនិន បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ និង ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឱ្យកម្លាំងនគរបាលចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ជាមួយគ្នានោះ លោកបានបញ្ជូនមន្ត្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និង ស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថា ពុលស្រា នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយកើតមានករណីសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យអ្នកផលិតស្រាសម្នាក់ឈ្មោះទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ដោយឡែក វត្ថុតាងស្រាស ត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់ នៃករណីពុលនេះ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីស្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ចំនួន០៨នាក់ (ប្រុស០១នាក់, ស្រី០៧នាក់) ហើយត្រូវបានគ្រូពេទ្យជំនាញ និង នគរបាលបច្ចេកទេស ដាក់ការសន្និដ្ឋានថាសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) ក្នុងពិធីបុណ្យសព នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈមនុស្សជាង៧៦នាក់នាក់ទៀត កំ
ពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ធ្ងន់២នាក់ និង ស្រាល៧៤នាក់)៕










