ឯកឧត្ដម ឆាយ ឫទ្ធិសែន ចុះពិនិត្យជាក់ស្ដែងផ្លូវជនបទ ៣ខ្សែ ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀង នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦នេះ អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យហូរច្រោះខ្សែផ្លូវ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    photo_2026-10-14_14-40-00.jpg

    ផ្លូវជនបទទាំង៣ខ្សែនោះ រួមមាន៖
    ខ្សែទី១៖ ផ្លូវផ្សារត្រាច-វត្តព្រះធាតុ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែងសរុប ៣៥គីឡូម៉ែត្រទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារត្រាច ក្នុងឃុំស្វាយ ដោយឆ្លងកាត់ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ទៅដល់ភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ផ្លូវនេះ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៥ ក្រោមក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ (RRIP-I) ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកទឹកហូរច្រោះជើងទេរលូប្រអប់ ០១កន្លែង ។
    ខ្សែទី២៖ ផ្លូវជំទាវជ្រែង-ទ្រមូងជ្រុំ ជាផ្លូវកម្រាលល្បាយក្រួសក្រហម មានប្រវែង ៩,២០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ តភ្ជាប់ពីភូមិជំទាវជ្រែង ទៅដល់ភូមិទ្រមូងជ្រុំ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ ផ្លូវនេះ ត្រូវបានកសាងដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកទឹកហូរច្រោះជើងទេរ និងចិញ្ចើមផ្លូវម្ខាង ប្រវែងប្រហែល ១០០ម៉ែត្រ ប៉ុន្ដែនៅអាចធ្វើចរាចរណ៍លើផ្លូវមួយចំហៀងបានជាធម្មតា។ គួរជម្រាបជូនដែរ ផ្លូវ ០១ខ្សែនេះ ត្រូវបានក្រសួងដាក់ទៅក្នុងគម្រោងស្ថាបនាផ្លូវធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ នាពេលខាងមុខនេះ។
    ខ្សែទី៣ ៖ផ្លូវស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្ពានពោធិ ឃុំសេដ្ឋី ទៅដល់ភូមិមា នកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ផ្លូវនេះ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៥ ក្រោមក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ (RRIP-I) ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកភ្លៀងជន់លិច និងហូរកាត់ផ្លូវ ប៉ុន្ដែនៅអាចបន្ដធ្វើចរាចរណ៍ទូទៅបានជាធម្មតា។

    photo_2026-10-14_14-39-34.jpg

    តាមរយៈការពិនិត្យផលប៉ះពាល់ជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ ធ្វើការជួសជុលបន្ទាន់ត្រង់ចំនុចដែលរងការខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានដូចដើមវិញ៕

    photo_2026-10-14_14-39-45.jpg
    photo_2026-10-14_14-39-50.jpg
    photo_2026-10-14_14-40-13.jpg
    photo_2026-10-14_14-40-29.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង