សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការធ្វើសកម្មភាពពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ឯកឧត្តម ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានលើកឡើងថា លទ្ធភាព និងសកម្មភាពជួយគ្នានៅក្នុងការងារមនុស្សធម៌គឺជាការផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់សង្គមជាតិ ពីព្រោះមានលទ្ធភាពហើយបើមិនមានសកម្មភាពក៏មិនអាចជួយឲ្យមានលទ្ធផលបានដែរ។
ឯកឧត្តម បន្ថែមថានេះគឺជាថ្ងៃពិសេសដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានភ្ជាប់និស្ស័យចុះអនុស្សារណៈយោគយល់គ្នាដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី២០ ខែវិច្ឆិកា លោក អាន សំអន នាយកកំពង់ចម្លង ក៏បានលើកឡើងដែរថា ដោយបានមើលឃើញពីទស្សនៈវិស័យ នូវសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ក្រៅពីចុះបេសកកម្មព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្ដាខេត្តនោះ ក៏មានការចុះអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ រោងចក្រ មជ្ឈមណ្ឌលកុមារកំព្រាជាដើម។ ហើយសកម្មភាពទាំងអស់នេះមានការចូលរួមពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ជួយផ្ដល់លទ្ធភាពដល់សមាគមដើម្បីធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ។











