កំពង់ឆ្នាំង ៖ចោរមួយក្រុមមានទាំងកាំភ្លើងខ្លីជាប់នឹងដៃផងនោះ បានចូលទៅធ្វើសកម្មភាពបម្រុងលួចរថយន្តរបស់ប្រជាពលរដ្ឋ តែលួចមិនបានក៏ចូលទៅលួចម៉ូតូវិញបានដោយសុវត្ថិភាពរួចគេចខ្លួនបាត់។
ហេតុការណ៍ក្រុមចោរចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។
ស្រ្តីជាម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងថា កាលពីយប់រំលងអធ្រាតខណៈពួកគាត់កំពុងដេកស្ងាត់អស់ហើយនោះ ក្រុមចោរមួយក្រុម ដែលមានគ្នាចំនួន៤នាក់ បានជិះរថយន្តពណ៌ក្រហមមួយគ្រឿងមានគ្នា៤នាក់ ដែលម្នាក់មានកាន់កាំភ្លើងខ្លីជាប់នឹងដៃផងនោះ ជិះរថយន្តមកនៅមុខផ្ទះរបស់ប៉ានាង ក្នុងគោលបំណងលួចរថយន្ត ដែលចតខាងមុខផ្ទះ ចំនួន២គ្រឿង គឺរថយន្តហាយឡេនឌ័រ១គ្រឿង និង ឡិចស៊ិស៣៣០ ១គ្រឿងប៉ុន្តែពេលដែលធ្វើសកម្មភាពលួចឡាននោះលួចមិនបាន ។ ស្រាប់តែក្រុមចោរនោះ បានដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់គ្នា រួចបើកទ្វាររបងចូលទៅលួចម៉ូតូរបស់នាងយកចេញទៅបាត់ ដោយសុវត្ថិភាពតែម្តង ។ ម៉ូតូដែលក្រុមចោរលួចទៅនោះម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១J-១៧៨៣ ពណ៌ខ្មៅ ។
ស្រ្តីរូបនេះបានប្រាប់ទៀតថា នៅភូមិរបស់នាងគឺធ្លាប់បាត់ម៉ូតូញឹកញាប់ដែរហើយ ដែលសកម្មភាពរបស់ក្រុមចោរនេះ គឺមុខសញ្ញាតែមួយ ដែលមធ្យោបាយគឺរថយន្តពណ៌ក្រហម ។ ករណីនេះម្ចាស់ម៉ូតូស្នើឲ្យសមត្ថកិច្ចជួយបង្រ្កាបក្រុមចោរទាំងអស់នេះផង ។
ពាក់ព័ន្ធនិងករណីនេះលោកខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងនេះហើយ ។