កំពង់ឆ្នាំង៖ អំណោយជាពូជស្រូវ ពូជបន្លែ របស់សម្ដេចតេជោ ហ៊ុន សែននិងសម្តេច គត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១៧១០គ្រួសារនៅក្នុងខេត្តកំពង់ឆ្នាំង ។
អំណោយជាពូជស្រូវ ពូជបន្លែនេះត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍បទ ប្រធានក្រុមការងារថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាំយកមកប្រគល់ជូនដល់ប្រជាពលរដ្ឋ នៅ បរិវេណវត្តត្រពាំងជុំ ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផលប៉ះពាលដោយសារទឹកជំនន់នារដូវវស្សានេះ ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យខូចខាតផ្លូវជាតិ ផ្លូវ គ្រួសក្រហម និង ប្រព័ន្ធធារាស្រ្តអស់មួយចំនួន ។ ដោយឡែកដំណាំស្រូវ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ខូចខាតអស់ចំនួ១ ៧៩២ហិកតា ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែបានគិតគូជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និង រងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។ ដូចជាក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនេះ សម្តេចបានចុះជាប់ជាមួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយនិងប្រជាពលរដ្ឋគ្រប់ពេលវេលា សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់សម្តេច ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានស្នើដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់មូលដ្ឋានត្រូវចុះជាប់ជាមួយនឹងប្រជាពលរដ្ឋ និង ស្រាវជ្រាវបន្ថែមទៀត គ្រួសារដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងរយៈកន្លងមក ដោយមិនឲ្យគ្រួសាររងគ្រោះណាមួយគេចផុតពីការជួយសង្រ្គោះរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ។ ជាមួយនេះអាជ្ញាធរគ្រប់មូលដ្ឋាននិងមន្រ្តីជំនាញ ត្រូវចុះអង្កេតតាមដាន និង ជម្រុញ ដល់ប្រជាកសិករ ក្នុងការងារបង្ករបង្កើនផលស្រូវនិង ដាំដំណាំរួមផ្សំ នៅពេលដែលទទួលពូជស្រូវ និង ពូជបន្លែពីប្រមុខរាជរដ្ឋាភិបាល ។
ឯកឧត្តមបានផ្តាំផ្ញើឲ្យពលរដ្ឋ ត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺរីករាលដាល់ជំងឺកូវវីដ១៩ផងដែរ ៕