រយៈ៨ខែ ឆ្នាំ២០២០ ករណីជំងឺគ្រុនចាញ់ នៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះជាង ៧២ភាគរយ

  • កំពង់ឆ្នាំង ៖ រយៈ៨ខែ ឆ្នាំ២០២០ ករណីជំងឺគ្រុនចាញ់ នៅក្នុងខេត្តកំពង់ឆ្នាំងមានការថយចុះជាង៧២ភាគរយ ប្រៀបធៀបនិង រយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០  ។

    លោក លឹម លៀងងួន បានឲ្យដឹងថា កត្តាដែលធ្វើឲ្យករណីជំងឺគ្រុនចាញ់មានការថយចុះ គឺដោយសារតែកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ របស់មន្ទីសុខាភិបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះធ្វើការអប់រំផ្សព្វផ្សាយផ្ទាល់ និង បានចែកមុងជ្រលក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់បានជាបន្តបន្ទាប់ ក្រៅពីនេះក៏បានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ អំពីសារអប់រំខ្លីៗ និង វិធានការ ការពារជំងឺគ្រុនចាញ់ផងដែរ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីសុខាភិបាល និង ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តំពង់ឆ្នាំង ដែលបានសហការគ្នា ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០២៥ខាងមុខ ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា លទ្ធផលនេះ បានបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមាន លើប្រសិទ្ធភាព និង គុណភាពខ្ពស់លើរាល់កិច្ចការអន្ដរាគមន៍ឆ្លើយតបប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីឈានទៅសម្រេចជោគជ័យបានទាំងស្រុង លើការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនា ឆ្នាំ២០២៥ និងក៏ជាបុព្វហេតុមួយក្នុងការចូលរួមចំណែកឈានទៅ សម្រេចគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា។

    ឯកឧត្តម បានបញ្ជាក់ទៀតថា ជំងឺគ្រុនចាញ់បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការចំណាយ ដោយផ្ទាល់លើការព្យាបាល ខាតបង់ការងារ ការបាត់បង់ ផលិតភាព និង អាយុជីវិតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ករផលប៉ះពាល់ជាអវិជ្ជមានដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដ៏ធ្ងនធ្ងរទៀតផង។

    ឯកឧត្តម បានអំពាវនាវដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាក់ថ្នាក់ អង្គការដៃគូនានា ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ និង អន្ដរជាតិ ដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូប ត្រូវបន្ដចូលរួម និងគ្រាំទ្រដល់ បេសកម្មរបស់ក្រសួងសុខាភិបាល តាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ឲ្យទទួលបានជោគជ័យ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង