នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរជាង១ ០០០នាក់ ដែលជាប់នៅលើកោះ រយៈពេលបីថ្ងៃ ដោយសារព្យុះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា កោះដែលភ្ញៀវទេសចរជាប់នៅលើនោះរួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម និង កោះសង្សា។បើតាមលោកឧត្តមសេនីយ៍ស្នងការ ដោយសាររយៈពេលបីថ្ងៃកន្លងទៅនេះ កម្ពុជាទទួលរងឥទ្ធិពលព្យុះ ជាពិសេសនៅខេត្តព្រះសីហនុតែម្ដង ដូច្នេះហើយអាជ្ញាធរ និងសមត្ថកិច្ចផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្ណោះអាសន្ន រង់ចាំអាកាសធាតុល្អឡើងវិញ។នៅព្រឹកនេះដោយឃើញអាកាសធាតុស្រឡះល្អឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទំនាក់ទំនងទៅកាន់ក្រសួងធនធានទឹក ដើម្បីបញ្ជាក់អំពីអាកាសធាតុនេះ ។ ក្រោយពីទទួលបានព័ត៌មានថា អាកាសធាតុល្អអាចធ្វើដំណើរបានឯកឧត្តមអភិបាលខេត្ត បានបញ្ជាមកកម្លាំងនគរបាល សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ចេញទូក និងអូប័រជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរជាង១ ០០០នាក់នោះ ត្រឡប់មកលើដីគោកវិញ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានអះអាងថា នៅពេលទូកនិងអូប័រចេញទៅទទួលភ្ញៀវទេសចរ ក៏មាននគរបាលទេសចរណ៍ និង នគរបាលផ្លូវទឹក អមដំណើរនៅលើនោះផងដែរ ដើម្បីធានាសុវត្ថិភាព។ លោកបានបន្ថែមថា រហូត
មកដល់ពេលនេះ ភ្ញៀវទេសចរទាំងជាង១ ០០០នាក់ ដែលជាប់នៅលើកោះនោះបានត្រឡប់មកលើដីគោកដោយសុវត្ថិភាព ៕