ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ថាបនាមហាវិថីថ្មីមួយខ្សែនេះ នឹងបើកការដ្ឋានស្ថាបនា នៅសប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មហាវិថីនេះមានជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចអោយរថយន្តធ្វើចរាចរណ៍ បាន៣គន្លងទៅ ៣គន្លងមក មាន១គន្លងទៅនិងមក សម្រាប់ម៉ូតូ មានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើជើង ជាមួយនឹងការដាក់លូសង្ខាងផ្លូវទំហំ៨តឹកផងដែរ។
លោកប្រធានមន្ទីរ បានបន្តទៀតថា ចំពោះពេលវេលាស្ថាបនានឹងរួចរាល់ក្នុងរយៈពេល៦ខែ។ ក្រោយពីការស្ថាបនារួចរាល់រំពឹងថាកំណាត់មហាវិថីនេះនឹងកាត់បន្ថយការកកស្ទះចរាចរ បានមួយផ្នែកធំនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ៕