ប្រកាស​អាចារ្យ គណៈកម្មការ​អាស្រម​បង្គោលកី​ស្រីម៉ៅ នៅ​ឃុំស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង

  • កំពង់ឆ្នាំង ៖ អាចារ្យគណកម្មការចំនួន១៧រូប សម្រាប់ដឹកនាំ នៅអាស្រមបង្គោលកីស្រីម៉ៅ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានសាលាគណខេត្តកំពង់​ឆ្នាំង និង មន្ទីរធម្មការនិងសាសនាខេត្ត ប្រកាសទទួលស្គាល់ជផ្លូវការកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ ពិធីប្រកាសអាចារ្យ គណៈកម្មការ​អាស្រម​​នេះ ធ្វើឡើងក្រោមអធិបតីភាពព្រះគ្រូ ទិល សារ៉ាន ព្រះអនុគណស្រុករលាប្អៀរ និងអញ្ជើញចូលរួមពីលោក ផៅ ស្រៀងអភិបាលរងស្រុករលាប្អៀរ ។

    លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្ន បានបោះហាន​ជាបន្តបន្ទាប់​លើការអភិវឌ្ឍន៍ គ្រប់វិស័យ ទាំងពុទ្ធចក្រ និង អាណាចក្រ ។ វិស័យសាសនាមានការរីកចម្រើន ប្រជាពលរដ្ឋមានសិទ្ធគោរពតាមជំនឿសាសនារៀងៗខ្លួន ។ ដោយសារ​ប្រទេសកម្ពុជាយកព្រះពុទ្ធសាសនា ជាសសានារបស់រដ្ឋ ដូចនេះប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។

    យោងតាមសេចក្តីប្រកាសរបស់មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ត្រូវបានទទួលស្គាល់អាចារ្យ គណៈកម្មការអាស្រម បង្គោលកីស្រីម៉ៅ ស្ថិតក្នុង​ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពទាំងអស់ ១៧រូប ស្រី៤រូប បានបន្តអាណត្តិរយៈពេល៣ឆ្នាំ ។

    នៅក្នុងឱកាសនោះ ព្រះអនុគណស្រុករលាប្អៀរ បានមានសង្ឃដីកាថា ការប្រកាស ទទួលស្គាល់អាចារ្យ គណៈកម្មការ​អាស្រមនេះ គឺដើម្បីបំពេញ​អោយ​​បានត្រឹមត្រូវនូវរចនាសម្ព័ន្ធ នៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនាដើម្បីដឹកនាំកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា នៅក្នុងអាស្រម ឲ្យកាន់​តែ​ទទួលបានសមិទ្ធផលថ្មីៗថែមទៀត ទាំងពុទ្ធចក្រ និង អាណាចក្រ សំខាន់ត្រូវប្រតិបត្តិនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។

    ព្រះអនុគណស្រុករលាប្អៀរបានមានសង្ឃដីការបន្តថា ទីអារាម ឬទីសក្ការៈបូជា ជាទីជំរកអប់រំកិរិយាធម៌ ដល់ពុទ្ធបរិស័ទ្ទយុវជន ដែលជាទំពាំង​ស្នង​ឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជា កម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម ។

    ហើយក្នុងនាមជាអាចារ្យ គណៈកម្មការអាស្រម ត្រូវមានព្រហ្មវិហារធម៌ទំាងបួនយ៉ាង មេត្តា ករុណា មុទិតា និង ឧបេក្ខា ព្រមទាំងមានការឯកភាពផ្ទៃ​ក្នុងនិងត្រូវខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនជាមួយព្រះចៅអធិការ និងពុទ្ធបរិស័ទដោយធានាបាននូវគណនេយ្យភាព និតតម្លាភាព ដើម្បីដឹកនាំ​វិស័យព្រះពុទ្ធសាសនា ឲ្យរីកចម្រើនតទៅមុខបន្ថែមទៀត ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង