កម្លាំង​កង​រាជ​អាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង ឃាត់​ខ្លួនមនុស្ស​៤នាក់ ជា​មួយ​នឹងថ្នាំញៀន​ជិត​៤០០​ក្រាម​

  • កំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុម​ជន​សង្ស័យ​បាន​​ធ្វើ​​សកម្ម​​​​​ភាព​​​ដឹងកជញ្ជូន ជួញដូរ និងចែកចាយសាធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថបង្ហាញមុខជនសង្ស័យនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

    សមត្ថកិច្ច បានអោយដឹងថា កាលពីវេលាម៉ោង១៦ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយសាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហេត្ថខេត្តកំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាប ករណីជួញដូរខុសច្បាប់នូវសាធាតុញៀនបានឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្នុងគោលដៅទៅ​រាជ​ធានី​ភ្នំពេញ ធ្វើដំណើរតាមរថយន្តមួយគ្រឿង។

    ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ ឆឹង ច័ន្ទដារ៉ា (ហៅចែមុំ) ភេទស្រី អាយុ៥៣ឆ្នាំ ទីលំនៅសង្កាត់​ទួល​ទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ២-ឈ្មោះសាយ នី ភេទស្រី អាយុ៦៨ឆ្នាំ ទីលំនៅផ្ទះលេខ ៥៥០ ផ្លូវ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៣-ឈ្មោះ សុន សារ៉ាយ ភេទប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៤-ឈ្មោះ ឆឹង ម៉ារ៉ូត ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ក្នុងពេលឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០ កញ្ចប់ ទម្ងន់ ៥០.៥៩ ក្រាម ។ ដុំក្រាម​ព៌ណសថ្លាចំនួន ០១ ថង់ ទម្ងន់ ៣១២.៧៨ ក្រាម -កញ្ឆាក្រៀម (មូលជាបារី) ចំនួន 03 ដើម ។ រថយន្ត១គ្រឿង ទូរស័ព្ទដៃ៤គ្រឿង និង លុយខ្មែរ​ចំនួន២២​ម៉ឺន៤ពាន់រៀល។

    សមត្ថកិច្ចបានអោយដឹងទៀត ក្រុមជនសង្ស័យបានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ខេត្ត ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ដើម្បីចូលទៅរាជធានី​​ភ្នំពេញ ដោយទទួលបានព័តមានជាក់លាក់ កម្លាំងកងរាជអាវុធហត្ថបានចេញប្រតិបត្តិការចេញស្ទាក់ចាប់រថយន្តនេះបានតែម្តង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង