កងកម្លាំងមួកខៀវចំនួន៨០នាក់ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ក្រោយពីបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យ រយៈពេលពេញ១ឆ្នាំ នៅសាធារណៈរដ្ឋម៉ាលី ។ ក្នុងដំណើរត្រលប់មកដល់មាតុភូមិវិញនេះ នៅរាត្រីថ្ងៃទី១០ ខែកក្កដា នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវីដ១៩ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ប្រសិនបើមានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺនោះ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យចាក់អង្រែក្រោម។
គួរបញ្ជាក់ថា ក្នុងចំណោមកម្លាំងមួកខៀវកម្ពុជាជិត៨០០នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្រៅប្រទេស គឺមានកម្លាំងមួកខៀវកម្ពុជា៣០០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី ។
ដោយឡែក តាំងពីចាប់ផ្តើមផ្ទុះវីរុសកូវីដ១៩ មកដល់ពេលនេះ កម្ពុជាក៏បានពលីកងកម្លាំងមួកខៀវម្នាក់ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៩ ខែឧសភា ក្នុងតំបន់បេសកកម្មនៅ ប្រទេសម៉ាលី នេះផងដែរ៕