កាលពីព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ ក្នុងបរិវេនផ្សារបឹងឬស្សី ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរៀបចំដាក់សម្ពោធជាផ្លូវការ ផ្សារទើបបង្កើតថ្មី។ នាឱកាសនោះឃើញមានវត្តមានភ្ញៀវ អាជីវករ ផងដែរ។ សមិទ្ឋិផលនេះ ត្រូវបានចាត់ទុកថា នឹងជួយដល់ប្រជាពលរដ្ឋក្នុងតំបន់នោះចំណេញពេលវេលា ដោយអាចរកទិញគ្រប់មុខបានយ៉ាងងាយស្រួលនិងជិតផ្ទះ។
លោក luo hua gua ម្ចាស់ផ្សារ «បឹងឬស្សី» បានគូសបញ្ជាក់ថា «នេះជាគម្រោងទី១ ដែលខាងយើងរៀបចំផ្សារនេះឡើង។ ទីតាំងផ្សារយើង មានតូបសរុបទាំងអស់ជិត៤០០តូប ហើយ៩៥% គឺអាជីវករជាវអស់»។
លោកបន្តថា ទីនេះមានទំនិញល្អៗ ប្រកបដោយគុណភាព ដែលមានអាជីវករខ្មែរ និងចិន លក់រួមគ្នា។ រូបលោកក៏សប្បាយចិត្ត ដែលបានវិនិយោគទីផ្សារនៅទីនេះ ហើយយ៉ាងហោចណាស់ ក៏បានជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទីតាំងខាងលើ ។ ដូចនេះបងប្អូនអាចមកជាវឥវ៉ាន់ព្រោះថាមានរបស់របរ ស្ថិតក្នុងតម្លៃធូរថ្លៃ មិនបាច់ចំណាយពេលទៅឆ្ងាយ។ សំខាន់មួយទៀត ក្នុងនាមជនជាតិចិនដែលបានបង្កើតផ្សារនេះ ក៏បង្ហាញពីចំណងមិត្តភាពមួយដ៏សំខាន់រវាងកម្ពុជានិងចិនផងដែរ។
លោក luo hua gua បន្ថែមថា ផ្សារនេះមានទំហំ៥ពាន់ម៉ែត្រការ៉េ ហើយមួយទៀតតំបន់ផ្លូវជាតិទៀតសោត ខ្វះផ្សារ ទើបលោកជ្រើសរើស ស្របពេលប្រជាជន រស់នៅក៏ច្រើនរិតតែជួយ សម្រួលខ្លាំង មិនបាច់ធ្វើដំណើរ វែងឆ្ងាយ។ ម្យ៉ាងទៀត ផ្សារក៏មានកន្លែងចត ឡាន ម៉ូតូធំទូលាយ រិតតែងាយស្រួល។ នៅពេលឆាប់ៗនេះ និងមានបង្កើតផ្សារ នាតំបន់ក្បែរនេះទៀត ដើម្បីបំពេញ តម្រូវការ និងមានផែនការ២ទៀត ដែលយើងរៀបចំឆ្នាំនេះ៕