កំពង់ឆ្នាំង៖ រថយន្តម៉ាកលុចស៊ិសមួយគ្រឿងពាក់ស្លាកលេខ ន.ប បានក្រឡាប់ធ្លាក់ប្រឡាយ ដោយសារតែបើកវ៉ារថយន្តកុងតឺន័រមិនផុត ហើយគេចក្រឡាប់ធ្លាក់ប្រឡាយតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែតលេខ១០២ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តរងគ្រោះធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង នៅពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបើកវ៉ារថយន្តកុងតឺន័រ តែវ៉ាមិនផុត ដោយសារមានរថយន្តមួយគ្រឿងទៀតមកពីមុខហើយក៏ទាញចង្កូតគេច បណ្តាលឲ្យក្រឡាប់តែម្តង ។ នៅក្នុងរថយន្តរងគ្រោះមានមនុស្សជិះចំនួន៥នាក់ តែមិនមានរងរបួសធ្ងន់ធ្ងរនោះឡើយ ។

សូមបញ្ជាក់ថា នៅត្រង់ចំណុចគីឡូម៉ែត្រលេខ១០២នេះ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ឧសភា នេះក៏មានរថយន្តហ៊ីយ៉ាន់ដាយដឹកផ្លែឈើ មួយក្រឡាប់ធ្លាក់ប្រឡាយផងដែរ ដោយសារតែបើកគេចរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា ៕











