កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់ ដែលជាពលទាហានថ្មីទើបជ្រើសរើសបំពេញក្របខណ្ឌកងទ័ពជើងគោក បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោក បន្ទាប់ពីបានចូលហ្វឹកហ្វឺនរៀនសូត្រមួយរយៈកន្លងមកលើមុខវិជ្ជាមេរៀនអាវុធ AK47 នៅទីលានបាញ់គ្រាប់ពិត យោធភូមិភាគពិសេស ស្ថិតនៅភូមិសាស្ត្រ ភ្នំជើងលៀង ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អួន សារឿន ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានខិតខំបំពេញភារកិច្ច សិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ។
សូមបញ្ជាក់ថា ពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះមានការវាយតម្លៃ ពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស៕