អាជ្ញាធរខេត្តនិងក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានសហការជាមួយក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិនមកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue – BSR) នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយក្រុមសង្គ្រោះបន្ទាន់ ៧១១ របស់កងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមផ្សារ សាលារៀន មន្ទីរពេទ្យ ដើម្បីប្រឆាំងការរីករាតត្បាតមេរោគកូវីដ១៩នៅកម្ពុជា ។
លោក យិន សាវ៉េន អភិបាលក្រុកំពង់ឆ្នាំង បានអោយដឹងថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃនេះ អាជ្ញាធរក្រុងបានរៀបចំសំអាតបរិស្ថាន អនាម័យតាមផ្សារ និងសាលារៀន និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននៃក្រុងកំពង់ឆ្នាំង នេះក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue – BSR) នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយក្រុមសង្គ្រោះបន្ទាន់ ៧១១ របស់កងពលតូចលេខ៧០ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគនេះ នៅមន្ទីរពេទ្យបង្អែកខេត្ត សាលាបឋមសិក្សាគំរូក្រុង សាលាខេត្ត និង ផ្សារលើខេត្តកំពង់ឆ្នាំង ។
លោកអភិបាលក្រុង បានអោយដឹងថា ដោយកន្លងមកនេះមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក្នុងការដាក់ផែនការធ្វើការផ្សព្វផ្សាយអំពីវិធានការពារ ជំងឺកូវវីដ១៩នោះ នៅក្រុងកំពង់ឆ្នាំងទាំងមូលពុំបានរកឃើញវិជ្ជមានមេរោគ កូវី១៩នោះទេ ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue – BSR) នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយក្រុមសង្គ្រោះបន្ទាន់ ៧១១ របស់កងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាតត្បាតមេរោគកូវីដ១៩នេះនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនេះបានបង្ហាញពីការយកចិត្តរបស់រាជរដ្ឋាភិបាល ដែលបានគិតគូអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋជាខ្លាំងដោយបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីភាគីមិត្តចិន ក្នុងការទប់ស្កាត់ការីករាលដាលនៃមេរោគកូវីដ១៩នៅប្រទេកម្ពុជា ដែលកន្លងមកនេះភាគីមិត្តចិនបានជួយសម្ភារៈបរិក្ខាពេទ្យដើម្បីទប់ទល់និងជំងឺកូវីដ១៩នេះ ។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួន ត្រូវបន្តការប្រុងប្រយ័ត្នបន្ថែមទៀត បើទោះបីជានៅពេលនេះ ប្រទេសកម្ពុជានៅមិនទាន់រកឃើញវិជ្ជមានថ្មីជំងឺកូវីដ១៩ក៍ដោយ តែជំងឺនេះអាចនឹងកើតឡើងនៅពេលណាមួយដែលបងប្អូនប្រជាពលរដ្ឋមិនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការថែទាំសុខភាពជាប្រចាំ ។ បច្ចុប្បន្នអាជ្ញាធរខេត្តនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្សព្សាយអំពីវិធានការពារជំងឺកូវីដ១៩នេះជាប្រចាំ គឺបានធ្វើនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយើងចៀសផុតពីជំងឺកូវីត១៩នេះ ។
គួបញ្ជាក់ថា កន្លងមកខេត្តកំពង់ឆ្នាំង ក៍បានរកឃើញវិជ្ជមានមេរោគកូវីដ១៩នេះចំនួន៣នាក់ផងដែរ ហើយបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលជាសះស្បើយចំនួន២នាក់ហើយ និងបន្តនៅព្យាបាលម្នាក់ទៀតនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដែលមានសភាពធូស្បើយដែរហើយ៕