កំពង់ឆ្នាំង ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជនជាង៥ពាន់នាក់ ដែលបានដាក់ពាក្យប្រឡង។នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ស៉ឺម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ។

លោក ស៉ឹម ប្រឹម បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលបានដាក់ពាក្យ ចំនួន៥ ០៥៣ នាក់ ស្រីចំនួន ២ ៩៧០នាក់ ចែកចេញជា ៨ មណ្ឌល ស្មើនឹង ២០៣បន្ទប់ ។សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានតែ ១មណ្ឌល ប៉ុណ្ណោះ ។

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកហិបវិញ្ញាសា នៅមណ្ឌលប្រឡងសាលាបឋសិក្សាគំរូក្រុង ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ សម្រាក និងបរិភោគអាហារឲ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ និងគោរពបទញ្ញត្តិ នៃការប្រឡងឲ្យបានខ្ជាប់ខ្ជួន ៕
អត្ថបទ ហឹង ចូច ,រូបថត ៖សន គន្ធនិវឌ្ឍន៍

















