កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីបន្តផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន ព្រមទាំងវិធីសាស្ត្រទប់ស្កាត់ព័ត៌មានបំពុល និងព័ត៌មានក្លែងក្លាយ ក្នុងសម័យកាលឌីជីថល។

យុទ្ធនាការនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុមការងារព័ត៌មាន និងសាធារណមតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ១០០០នាក់។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត សម្តែងការគាំទ្រពេញទំហឹងចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារយុវជនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងចេះពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន និងមិនចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។

ថ្លែងក្នុងយុទ្ធនាការនេះ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ពីផលប៉ះពាល់អវិជ្ជមាន នៃព័ត៌មានក្លែងក្លាយ ដែលអាចបង្កជាភាពវឹកវរ និងចលាចលនៅក្នុងសង្គម។ ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលព័ត៌មាន ដោយត្រូវចេះផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែក (Share) បន្តនៅលើបណ្តាញសង្គម ដើម្បីរួមចំណែកបង្កើតបរិយាកាសព័ត៌មានស្អាតស្អំ និងសុវត្ថិភាព។

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២នេះ រៀបចំឡើងក្នុងការបណ្តុះស្មារតីទទួលខុសត្រូវលើការប្រើប្រាស់បណ្តាញសង្គម ពិសេសក្នុងចំណោមស្រទាប់យុវជន និងសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជា “កោសិកាដ៏រឹងមាំ” ក្នុងការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍











