នៅក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកំពុងមានការរីកចម្រើនយ៉ាងគំហុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចេញនូវគោលការណ៍ណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនការផលិតមាតិកា (Content) ឱ្យបានច្រើន ជាមួយនឹងការដាក់ចំណងជើងឱ្យមានភាពទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ ដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនានាពេលបច្ចុប្បន្ន។
ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តទាំង២៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នបានងាកមកទទួលព័ត៌មានតាមរយៈទូរស័ព្ទដៃយ៉ាងច្រើន ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមានការថយចុះ។ ដើម្បីដើរឱ្យទាន់ការវិវត្តនេះ ឯកឧត្តមបានណែនាំដល់បណ្តាមន្ទីររាជធានី-ខេត្តត្រូវ បង្កើនសកម្មភាពផលិតមាតិកាព័ត៌មានឱ្យបានសកម្ម និងសម្បូរបែប ដើម្បីឆ្លើយតបនឹងលំហូរព័ត៌មានប្រចាំថ្ងៃ, ច្នៃប្រឌិតចំណងជើងឱ្យមានភាពទាក់ទាញ ចាប់អារម្មណ៍ពីអ្នកអាន ប៉ុន្តែមិនដើរហួសពីការពិតនិង ធានាឱ្យបាននូវគុណភាពអត្ថបទ ខ្លឹមសារមានប្រសិទ្ធភាព ត្រឹមត្រូវតាមវិជ្ជាជីវៈ និងជាព័ត៌មានពិតប្រាកដ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា ទោះបីជាបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ឯកជនមួយចំនួនត្រូវបានបិទទ្វារដោយសារបញ្ហាហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ «ដាច់ខាតត្រូវតែដំណើរការ» និងត្រូវពង្រឹងគុណភាពផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលទំនើបឱ្យកាន់តែប្រសើរឡើង។ស្ថាប័នព័ត៌មានរដ្ឋ មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាប្រភពព័ត៌មានផ្លូវការ ច្បាស់លាស់ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដោយភាពទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកក្នុងការបង្កើតសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីជៀសវាង និងទប់ស្កាត់ការទទួលបានព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ (Fake News) នៅក្នុងសង្គមជាតិ៕ អត្ថបទ ៖វិទ្យុជាតិ











