រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍ និងហិរញ្ញវត្ថុគ្រប់គ្រាន់ ចូលរួមដេញថ្លៃផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមនិងសំណង់រឹងនៅក្នុងទីក្រុង។ តាមលិខិតផ្សព្វផ្សាយជាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា កាលបរិច្ឆទទទួលពាក្យស្នើសុំចូលរួមដេញថ្លៃត្រូវបានកំណត់ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ។ ទីកន្លែងទទួលពាក្យស្នើសុំ គឺ ទីចាត់ការគ្រប់គ្រងសំណល់និងបរិស្ថាន ជាន់ទី៧ នៅសាលារាជធានីភ្នំពេញ ស្ថិតលើមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ចំពោះនីតិវិធីដេញថ្លៃ នឹងត្រូវធ្វើឡើងជាពីរដំណាក់ កាលផ្សេងគ្នា ក្នុងនោះក្រុមហ៊ុនដែលទទួល បានការជ្រើសរើសក្នុងដំណាក់កាលទី១ នឹងមានសិទ្ធិចូលរួមដេញថ្លៃបន្តក្នុងដំណាក់កាលទី២។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចែកចេញ តំបន់ជា៣តំបន់សម្រាប់ឲ្យក្រុមហ៊ុនធ្វើការជ្រើសរើស ក្នុងការផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់នីមួយៗ។ នេះបើតាមលិខិតផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញដដែល។

គួររំលឹកថា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) កាសពីខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់សិន ។ សម្តេច បានបញ្ជាក់ថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញត្រូវដាក់ឱ្យដេញថ្លៃជាថ្មី ហើយក្រុមហ៊ុនស៊ិនទ្រីតែមួយ មិនអាចប្រមូលសំរាម នៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ឬ៤ជាការល្អ ប្រតិបត្តិការក្នុងការ ប្រមូលសំរាម នៅរាជធានីភ្នំពេញ។
សូមជម្រាបថា ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម-សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុងមួយថ្ងៃៗ រាជធានីភ្នំពេញមានសំរាមប្រមាណ ៣០០០តោន ដែលត្រូវបានប្រមូល និងដឹកជាប្រចាំទៅចាក់ចោលនៅទីលានចាក់សំរាមជើងឯក ៕