មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌​មាន​ ណែនាំ​ដល់​មន្ទីរ​ព័ត៌មាន​រាជ​ធានី​ខេត្ត ​ត្រូវ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​ធនធាន​​មនុស្ស​សម្រាប់​វិ​ស័យ​ព័ត៌មាន ​និង​សោតទស្សន៍​

  • ឯកឧត្តម ទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។

    ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥  នៅវិទ្យុជាតិចំការចេក ឯកឧត្តមអ្នកនាំពាក្យ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យពាក់ព័ន្ធទៅនឹងការងារព័ត៌មាន គឺពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យការងារដំណើរការទៅប្រកបដោយគុណភាព ស្របទៅនឹងនឹងភារកិច្ចចំពោះមុខ ជាពិសេសឆ្លើយទៅនឹងតម្រូវការក្នុងការងារព័ត៌មាន និងសាធារណៈមតិ។

    ឯកឧត្តមបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវតែស្ថិតក្នុងផែនការជាក់លាក់មួយរបស់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ដោយមន្ត្រីវ័យចាស់ ដែលមានបទពិសោធន៍ និងជំនាញឯកទេសដែលមានសារសំខាន់ សម្រាប់ការផ្ទេរទៅឱ្យ មន្រ្តីវ័យក្មេង ដែលជាអ្នកបន្តវេន តាមរយ:វគ្គបណ្ដុះបណ្ដាលច្បាស់លាស់ និងទៀងទាត់។

    ឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រសិនបើមន្ទីរ ឬអង្គភាពមួយខកខានមិនបានរៀបចំផែនការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង និងបទពិសោធន៍ទៅឱ្យទេនោះ នឹងបង្កើតគម្លាតដាច់ជំនាន់ ពោលគឺពេលមន្ត្រីវ័យចូលនិវត្តន៍ទៅ ឬត្រូវបានប្តូរចេញទៅបំពេញការងារកន្លែងផ្សេង ពេលនោះមន្ទីរឬអង្គភាពនោះនឹងជួបបញ្ហាកង្វះធនធានមនុស្ស ដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយនឹងក្លាយជាកត្តារាំងស្ទះដល់ដំណើរការងារ និងការធានានិរន្តរភាពយូរអង្វែង ។

    ឯកឧត្តម បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានទាំងអស់ត្រូវតែមានផែនការលើកទឹកចិត្តដល់មន្ត្រីមានចំណេះដឹងបទពិសោធន៍ហើយត្រូវដល់អាយុដាក់ឱ្យចូលនិវត្តន៍ ឱ្យបន្តធ្វើមន្ត្រីកិច្ចសន្យា ឬអ្នកប្រឹក្សាយោបល់ ជួយបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងតាមអ្វីដែលអាចធ្វើទៅបាន។

    លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបង្ហាញការគាំទ្រចំពោះការណែនាំនេះ ហើយលោកនឹងជំរុញការងារបណ្ដុះបណ្ដាលធនធានមនុស្សនេះឱ្យបានជាប់ជាប្រចាំដើម្បីលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការក្នុងមន្ទីរព័ត៌មានខេត្តបាត់ដំបងទាំងអស់។

    កន្លងមកនេះមន្ទីរព័ត៌មានខេត្តបាត់ដំបងបានដាក់បញ្ចូលការបណ្ដុះបណ្ដាល ក្នុងផែនការសម្រាប់ការអនុវត្តផងដែរ ហើយមន្ទីរនឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដល់មន្ត្រីសម្រាប់បំពាក់ជូនមន្រ្តីនូវជំនាញផលិតព័ត៌មាន ថតរូប ថតវីដេអូ ជំនាញឌីជីថល និងជាពិសេសជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដែលជាភារកិច្ចអាទិភាពកម្រិតខ្ពស់មួយរបស់មន្ទីរព័ត៌មាន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង