នាយ​ឧត្តម​សេនីយ៍ ​ម៉ៅ​ សុផាន់ ​និង​អភិបាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ដឹកនាំ​កង​កម្លាំង​ចុះ​បង្ក្រាប​បទ​​ល្មើស​នេសាទ​ទ្រង់​ទ្រាយ​ធំ​

  • កំពង់ឆ្នាំង ៖ កងកម្លាំងរាប់រយនាក់ ត្រូវបានបញ្ជូនមកកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចុះបំពេញការងារបង្ក្រាបបទល្មើសនេសាទ តាមបទបញ្ជា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គសង្កេតឃើញកងកម្លាំងរាប់រយនាក់ និងទូករាប់សិបគ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

    ដោយឡែកនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្តីពីការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ដោយមានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាខេត្តកំពង់ឆ្នាំង លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទក្នុងខេត្តអញ្ជើញចូលរួមផងដែរ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានរាយការណ៍ជូនថ្នាក់ដឹកនាំអំពីលទ្ធផលសំខាន់ៗ ក្នុងវិស័យជលផល ដែលសម្រេចបានក្នុងឆ្នាំ២០២៤ ក្នុងនោះរួមមានកំណើនផលនេសាទនិងផលវារីវប្បកម្ម និងបានលើកឡើងអំពី ស្នាដៃចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចពេញមួយឆ្នាំរបស់អស់លោក-លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៤កន្លងមក។

    ឯកឧត្តម អភិបាលខេត្ត បានបន្តថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន បានខិតខំធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ​ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្តីអំពីការប្រើឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ស្ដីពីជលផល និងបានណែនាំឱ្យពលរដ្ឋចូលរួមសហការថែរក្សានូវទីតាំងការពារនិងអភិរក្សជលផល ព្រមទាំងបញ្ញត្តិពាក់ព័ន្ធច្បាប់ស្ដីពីជលផល ពង្រឹងការអនុវត្តច្បាប់ជលផលបានយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវ ថែមទាំងបានពង្រឹងការអនុវត្តចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទជាប្រចាំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធ​ផលខ្ពស់ និងបានប្រជុំលើកផែនការបន្តអនុវត្តការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទនៅឆ្នាំ២០២៥ខាងមុខនេះ ជាបន្តទៀតផងដែរ។

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មានប្រសាសន៍ថា ដើម្បីអនុវត្តតាមការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះផែនការបង្ក្រាបសកម្មភាពបទល្មើសនេសាទ ដោយធ្វើយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងមិនឱ្យកើតមានបទល្មើសនេសាទជាបន្តទៀត។

    នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ជនរួមជាតិ និងប្រជានេសាទទាំងអស់ត្រូវចងចាំ និងបន្តអនុវត្តនូវអនុសាសន៍ទាំង៧ចំណុចរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះ ៖
    *ទី១៖ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើការនេសាទដូចជាថ្មស្អុយ ឧបករណ៍ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះអ្វីក៏ដោយ ដែលជាឧបករណ៍នេសាទហាមឃាត់។
    *ទី២៖ សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់គឺរដូវត្រីពងកូន ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ដោយសូមមេត្តារួមគ្នាដើម្បីទុកត្រីឲ្យវាធំ ឲ្យវាពង ឲ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា។
    *ទី៣៖ សូមមេត្តាកុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ជម្រកត្រីនិងជាកន្លែងស្វែងរកចំណី ហើយក៏សុំជួយដាំព្រៃលិចទឹកឡើងវិញផងដែរ។
    *ទី៤៖ ត្រូវជួយការពារតំបន់អភិរក្សរាប់ ទាំងការជួយផ្ដល់ព័ត៌មានអំពីជនខិលខូចឬមន្ត្រីខិលខូចចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស។
    *ទី៥៖ កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅដូចជា ការនេសាទគ្រួសារ ការដាំឈូក ឬចាក់ដីលុបដើម្បីសាងសង់សំណង់ផ្សេងៗ។
    *ទី៦៖ សូមប្រជាពលរដ្ឋខ្មែរយើង ធ្វើជាម្ចាស់បឹងទន្លេសាបនេះទាំងអស់គ្នា។
    *ទី៧៖ ជំរុញការចិញ្ចឹមត្រីការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗដែលជិតផុតពូជ។

    បន្ទាប់ពីប្រជុំរៀបចំផែនការចុះបង្ក្រាបបទល្មើសនេសាទរួចមក ឯកឧត្តម នាយឧត្ដមសេនីយ៍ និងឯកឧត្តម អភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកនិងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាព នៅតាមដងទន្លេសាប និងដឹកនាំកងកម្លាំងចុះធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកបរិបូរណ៍ ក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរជាបន្ត។ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអាជ្ញាធរ និងកងកម្លាំងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង