វេទិកា​និ​ពន្ធ​នាយក​សារ​ព័ត៌​មាន​កម្ពុជា​ ឆ្នាំ​២០២៤​ សម្រេច​ចេញ​ សេច​ក្តី​ថ្លែង​ការណ៍​រួម​ ១១ចំណុច​

  • វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.) លើកទី២១ ឆ្នាំ២០២៤ ស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ បានប្រារព្ធកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារ សុខាភ្នំពេញ ក្រោមវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំ ស្ថាប័ន សារព័ត៌មាន សរុចំនួន ១៥២រូប មកពី ១០២ អង្គភាព ។

    វេទិកាប្រចាំឆ្នាំសម្រាប់អ្នកសារព័ត៌មានបានរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ដែលប្រមូលផ្តុំដោយស្ថាប័ន អង្គភាពសារព័ត៌មាន វិជ្ជាជីវៈ នៅក្នុងប្រទេស ។ ដូចជាវេទិកាមុនៗដែរ ជាការយកចិត្តទុកដាក់ចំពោះវិស័យ សារព័ត៌មាន និងជាការផ្តល់កិត្តិយស វេទិកានិពន្ធ នាយកសារព័ត៌មាន កម្ពុជា (វ.ន.ស.ក.)លើកទី២១ បានទទួលនូវ សារលិខិតសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលអានដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

    ក្នុងឱកាសនេះដែរប្រាប់ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូស រំលេចពីស្ថានភាពរួម នៃវិស័យសារព័ត៌មាននៅកម្ពុជា ។ការវិវឌ្ឍ ប្រែប្រួលក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ក្នុងនោះសារព័ត៌មានប្រពៃណី និងសារព័ត៌មានទំនើប ព្រមទាំង​បណ្ដាញសង្គមប្រជាប្រិយនានា ដែលកំពុងដើរតួនាទីជំនួសសារព័ត៌មានប្រពៃណី ហើយក៏ជាបញ្ហាប្រឈមសម្រាប់សារព័ត៌មានដែលមានវិជ្ជាជីវៈ ។ ឯកឧត្តមក៏ បានផ្តល់នូវអនុសាសន៍ និងធាតុចូលដ៏មានតម្លៃដល់វេទិកានិពន្ធ នាយកសារព័ត៌មានកម្ពុជា សម្រាប់ធ្វើការពិចារណា ដើម្បីពង្រឹង នូវសកម្មភាពសារព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

    វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.)លើកទី២១ បាន លើកយក «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»មកពិភាក្សា និងអនុម័ត ។

    លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ការលើកយកប្រធានបទនេះ មកពិភាក្សា ពីព្រោះក្លិបអ្នកកាសែត កម្ពុជាយល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាន នៅតែជាប្រការសំខាន់ដែល ត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារតម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ជាមួយគ្នានោះ ការបញ្ចេញមតិ នៅតែជាកង្វល់ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់ នៅតែកើតមាន និងនាំឱ្យប៉ះពាល់ដល់ អ្នកដទៃ។

    ពេញមួយព្រឹក ចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័ន សារព័ត៌មាន មកពី១០២ អង្គភាពពិភាក្សា យ៉ាងផុលផុស និងបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារចំនួន១១ចំណុច ។ ចំណុចចម្បងនៃសេចក្តីថ្លែងការណ៍ថាបញ្ជាក់ថា ទោះក្នុងកាលៈ ទេសៈណាក៏ដោយ ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន នៅតែមានសារសំខាន់ក្នុង ការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់ មហាជនមកលើសារព័ត៌មាន ជាពិសេស
    ក្នុងបរិបទ នៃការវិវឌ្ឍយ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល។

    វ.ន.ស.ក. យល់ឃើញថា ការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន គឺជាអាទិភាព ចម្បងខណៈ ដែលស្ថាប័នសារព័ត៌មានក៏ដូចជាអ្នកសារព័ត៌មាន មានការ​កើនឡើងជាបន្តបន្ទាប់ ការផ្សព្វផ្សាយ កាន់តែ ទូលាយនិងរហ័សដោយ សារតែការរីកចម្រើននៃបច្ចេកវិទ្យាក្នុងពេលដែលអ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់ទទួលបានការបណ្តុះបណ្ដាលច្បាស់លាស់ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។

    វ.ន.ស.ក. អំពាវនាវជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលបំពេញការងារក្នុងវិស័យ សារព័ត៌មាន ត្រូវតែយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការ គាំទ្រពីសាធារណជន។

    សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត វ.ន.ស.ក. អំពាវនាវឱ្យ បង្កើតវេទិកា អ្នកដឹកនាំសារព័ត៌មាន និងអ្នកនាំពាក្យដើម្បីជួបគ្នាជាទៀងទាត់ រកដំណោះស្រាយរួមគ្នា ដើម្បីធានាឱ្យមានលំហូរព័ត៌មានសេរី។ទន្ទឹមគ្នានេះ វ.ន.ស.ក. ក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋ និងអាជ្ញាធរ ទាំងអស់ចូលរួមឆ្លើយតប ឬបកស្រាយទាន់ពេលវេលានូវព័ត៌មាននានា ក៏ដូចជាព័ត៌មានក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ប្រពៃណី និងសង្គមជាតិ។

    វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏សូមគាំទ្រ និងគោរពថ្លែង អំណរគុណគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់តម្លៃ ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាសនេះ ចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកប អាជីពវិជ្ជាជីវៈសារព័ត៌មានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង