គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀង លោក កុយ ស៊ីឌឿន គឺជាតារាចាស់វស្សាមួយរូបដែលមានទេពកោសល្យសិល្បៈពេញខ្លួន។ លោកគឺជាតួឯកល្ខោនយីកេ ដែលមានជំនាញល្ខោនបាសាក់។ លោកកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយពីធ្វើជាពិធីករវិទ្យុជាតិ និង វិទ្យុ ឌីភី ដែលជាវិទ្យុផ្ទាល់ខ្លួន។ លោកក៏មានស្នាដៃសម្ដែងក្នុងបទMV និងមានបទចម្រៀងជាច្រើនដែលត្រូវបានគេសរសើរថាមានទឹកដម សំលេងមុតផ្អែមពីរោះមិនចាញ់តារាល្បីៗជើងចាស់ផងដែរ។ ប៉ុន្តែគួរអោយស្ដាយលោកបែរជាអះអាងថា ក្នុងចំណោមកូនប្រុសស្រីទាំង៤របស់លោកក្នុងនោះគឺកូនច្បងៗ២នាក់ដែលកាន់តែពេញកំលោះសម្រស់មិនណយ បែរជាគ្មានកូនណាម្នាក់ចូលចិត្តសិល្បៈសូម្បីតែបន្តិច។
ថ្លែងក្នុងពិធីខួបកំណើតលោក នួន បូរ៉ា កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ ក្នុងពេលបណ្ដើរកូនប្រុសច្បង អមដោយការតែងខ្លួនអោយកូនប្រុសច្បងមិនចាញ់តារា លោក កុយ ស៊ីឌឿន និយាយថា ដ្បិតតែលោកបង្ហាញមុខកូនប្រុស និងធ្វើខ្លួនអោយកូនប្រុសហើយមានគេចំអន់ថាចង់អោយកូនស្គាល់គេស្គាល់ឯងក្នុងកម្មវិធីសិល្បៈជារឿយៗ ប៉ុន្តែកូនប្រុសរបស់លោកមិនមានបំណងក្លាយជាអ្នកសិល្បៈដូចលោកទេ។ លោកថាខ្លួនគឺជាមនុស្សដែលមានដុងសិល្បៈ និងមានចំណូលចិត្តសិល្បៈតាំងពីក្មេង ដោយអាចទៅរួចទាំងអស់មិនថាយីកេ ល្ខោនបាសាក់ ចម្រៀងប្រពៃណី ចម្រៀងសម័យ ពិធីករ និង មហោរីជាដើម ប៉ុន្តែសម្រាប់កូនៗទាំង៤ គឺអត់មានម្នាក់ចង់ដើរផ្លូវនេះ។ លោកតែងជំរុញ និងលើកទឹកចិត្តអោយកូនៗទាំង៤សម្ដែង និង អោយប្រឡូកសិល្បៈជារឿយៗ ប៉ុន្តែមកពីកូនមិនចូលចិត្ត និងមិនចង់ ទើបលោកគិតថា អាជីពសិល្បៈនឹងមិនមានកូនស្នងនោះទេ នៅពេលលោកលាឈប់។
លោកថាខ្លួនមានទាំងផលិតកម្ម មានទាំងក្រុមផលិតចម្រៀង មានក្លិបបង្ហាត់សិល្បៈ និង មានសកម្មភាពថតសម្ដែងជារឿយៗ ដោយកូនៗទាំង៤ ក៏នៅជាមួយលោក និងឃើញសកម្មភាពទាំងនេះ ស្ទើរគ្រប់ពេលផងដែរ។ យ៉ាងណាមិញគេកត់សម្គាល់ថា កូនៗទាំង៤របស់លោកកុយស៊ីឌឿន ជាពិសេសកូនច្បង កាន់តែមើលស្រស់សង្ហារ ដោយគេជឿថាបើចូលប្រឡូកសិល្បៈ គឺមានឱកាសកសាងកេរ្តិ៍ឈ្មោះជាអ្នកសិល្បៈបានល្បីលឿនជាងឪពុកធៀបនឹងពេលប្រឡូកដំបូងៗដូចគ្នា ប៉ុន្តែអាចដូចលោកថា មិនមានចំណូលចិត្ត ទើបសូម្បីលោក កុយ ស៊ីឌឿនផ្ទាល់ក៏ថាសោកស្ដាយ។
គួរបញ្ជាក់ផងដែរថា លោក កុយ ស៊ីឌឿន ក្រៅពីជាតារាចម្រៀង និង ជាពិធីករវិទ្យុជាតិ លោកក៏ជាម្ចាស់ផលិតកម្មឌីភី ជាពិធីករក្នុងកម្មវិធីសម្ភាសន៍របស់ទូរទស្សន៏អនឡាញ និងមានងារជាឯកឧត្តម ផងដែរ ក្រោយពីត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន។ លោក និង ភរិយា មានកូន៤នាក់ គឺកូនប្រុសច្បង ឈ្មោះ កុយ សុីឌឿន សាមាដូ អាយុ១៥ឆ្នាំ, កូនប្រុសទី២ឈ្មោះកុយ សុីឌឿន សាមាឌី អាយុ១៤ឆ្នាំ, កូនស្រីទី៣ឈ្មោះ កុយ សុីឌឿន សុីលីដា អាយុ១០ឆ្នាំ, និងកូនប្រុសពៅឈ្មោះ កុយ សុីឌឿន សាមាឌីន អាយុ២ឆ្នាំ។