សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ជំនួបនាថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយ នាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧ លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ។