ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាល ខិតខំបង្កើតការងារជូនប្រជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់ នៅឆ្នាំ២០១៩។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ បានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅបន្តនៅឆ្នាំ២០២០ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ក្នុងចំណោមកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់នោះ មានអ្នកធ្វើការនៅក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានប្រមាណជាង ១លាន៥សែននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ២.២លាននាក់។ នៅក្នុងវិស័យកសិកម្មមានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមានប្រមាណ ៥០ម៉ឺននាក់ ព្រមទាំងពលករ និងកម្មសិក្សាការី នៅក្រៅប្រទេសមានប្រមាណជាង ១.២៨លាននាក់។
ឯកឧត្តម ក៏បានអះអាងថា ចំនួនអ្នកមានការងាធ្វើនេះបានរក្សាអត្រាមានការងារធ្វើសម្រាប់ប្រជាពលរដ្ឋកម្ពុជា ៩៩.៣ភាគរយ ដដែលបើធៀបនឹងឆ្នាំ២០១៨៕

