កំពង់ឆ្នាំង ៖ នៅវិទ្យាស្ថានបច្ចេកសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានបើកវគ្គហ្វឹកហ្វឺន រំលឹកជំនាញស្រាវជ្រាវគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល គរុកោសល្យ ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាព ជំនាញបច្ចេកទេសដល់មន្ត្រី ។

លោក ធៀម សុភាព ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ មានរយះពេល៣សប្តាហ៍ ដែលមានសិក្ខាកាមចូលរួមចំនួន ៥៦នាក់ មកពីកងឯកភាពបោសសំអាតមីនចំណុះអង្គភាពស៊ីម៉ាក់ ។ ដោយឡែកវគ្គបណ្តុះបណ្តាលគរុកោសល្យគ្រូបង្គោល មានសិក្ខាកាមចំនួន២០នាក់ ត្រូវបានជ្រើសរើសចេញពីវគ្គទី១ ក្នុងចំណោមសិក្ខាកាម៦២នាក់សម្រាប់បន្តហ្វឹកហ្វឺនគរុកោសល្យបន្តទៀត។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាព ជំនាញបច្ចេកទេសដល់មន្រ្ដីជំនាញ ក្នុងការត្រៀមអនុវត្តកិច្ចប្រតិបត្តិការស្រាវជ្រាវព័ត៌មានគ្រាប់បែកទម្លាក់ និងគ្រាប់បែកចង្កោម ជាពិសេសនីតិវិធីថ្មី និងសម្ភារ:បច្ចេកទេសមានដូចជាGPS, ដ្រូន និងប្រពន្ធ័កុំព្យួទ័រ ព័ត៌មានថ្មីៗ។

ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់ទៀតថា វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ ( CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ៕






