កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ លោកគ្រូ អ្នកគ្រូ ,សិស្សានុសិស្ស នៃសាលារៀនសុវណ្ណភូមិ សាខាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក គួយ ចាន់រ៉ា ជានាយកសាលា បានចុះប្រមូលសំរាម នៅតាមសួនច្បារនិងទីសាធារណៈ ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមសម្អាតបរិស្ថានឲ្យមានភាពល្អប្រសើរ ។

លោក គួយ ចាន់រ៉ា បានថ្លែងថា សាលារៀនសុវណ្ណភូមិទូទាំងរាជធានីខេត្ត បានអនុវត្តប្រារព្វទិវាសាលារៀនស្អាត ដោយជ្រើសរើសថ្ងៃទី៥ ជារៀងរាល់ខែ សម្រាប់ប្រារព្វកម្មវិធីនេះ មានរយះពេល៧ឆ្នាំមកហើយ ។ ដើម្បីជម្រុញឲ្យមានការចូលរួម ពីសិស្សានុសិស្សក្នុងការធ្វើសកម្មភាពសម្អាតថ្នាក់និងសាលារៀនរបស់ខ្លួន បរិស្ថានជុំវិញ ជាពិសេសគឺជម្រុញឲ្យពួកគាត់ចេះស្រឡាញ់ភាពស្អាត និងមានអនាម័យជានិច្ច ។ សកម្មភាពនេះ ក៏បានបណ្តុះទម្លាប់សម្អាតជាប្រចាំ សម្រាប់ប្អូនៗសិស្សានុសិស្សជាមួយពាក្យថា សាលារៀនស្អាតសិស្សមានសុខភាពល្អ ។

លោក គួយ ចាន់រ៉ា បានថ្លែងបន្តទៀតថា បរិស្ថានសាលា ជារឿងចាំបាច់សម្រាប់សិស្សានុសិស្ស នៅក្នុងការសិក្សានិងសម្រាប់សុខភាពជាប្រចាំ ។ ការជម្រុញនិងការបង្រៀនសិស្សានុសិស្សឲ្យចូលរួមសាលាបៃតង ជាកត្តាសំខាន់ដើម្បីឲ្យគាត់ស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថាន ។

សាលារៀនសុវណ្ណភូមិ បានអនុវត្តយុទ្ធនាការសាលាបៃតង តាមរយះការចូលរួមពីសិស្សានុសិស្ស និង អាណាព្យាបាល ដោយពួកគាត់ម្នាក់ៗបានផ្តល់ជូនដើមផ្កា១ដើមមកកាន់សាលារៀនសុវណ្ណភូមិ ។ មិនតែប៉ុណ្ណោះការអនុវត្តសាលាគ្មានផ្លាស្ទីក ជាចំណែកមួយក្នុងការធ្វើឲ្យសាលាទៅជាសាលាបៃតង ប្រកបដោយសុខភាពនិងភាពស្រស់ស្រាយ ៕
