សម​យុទ្ធ​នាគ​មាស​កម្ពុជា​ ចិន​ ឆ្នាំ​២០២៣​ ត្រូវ​បាន​ចាប់​ផ្តើម​ក្រោ​ម​ អធិ​បតី​ នាយ​ឧត្តម​​សេនីយ៍​​បណ្ឌិត​​ ហ៊ុន​​ ម៉ា​ណែត​​

កំពង់ឆ្នាំង ៖ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ កងទ័ពកម្ពុជា ចិនបានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥ ដែលសមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធនាគមាសឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជាមចិន» ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ ( ភ្នំជុំរីករាយ ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោក តំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនិង ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោល បំណង គំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។

ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជាមានកងទ័ពចូលរួមផ្ទាល់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

អ្នកនាំពាក្យរូបនេះបន្តថា សមយុទ្ធនេះគឺជាការផ្សាភ្ជាប់ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើន ក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតបទៅនឹង បញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

សូមបញ្ជាក់ថា សមយុទ្ធនាគមាស រវាងកម្ពុជា-ចិន ធ្វើឡើងចំនួន ៤លើករួចមកហើយ។ ការធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀតឆ្នាំ​២០១៨​, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿង ញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង