មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិ​ធម៌​៖ កិច្ច​គាំ​ពារ​ផ្នែក​ច្បាប់​បាន​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​វិនិ​យោគ​ ម្ចាស់​ក្រុម​ហ៊ុន​ ឬ​ម្ចាស់​អាជីវ​កម្ម​មាន​ទំនុក​ចិត្ត​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា កិច្ចគាំពារផ្នែកច្បាប់ បានដើរតួនាទីយ៉ាសំខាន់ ក្នុងការជួយឲ្យអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមានទំនុកចិត្ត ចំពោះការវិនិយោគ និងកិច្ចការប្រកបអាជីវកម្មរបស់ពួកគេ ។

    ការថ្លែងបញ្ជាក់របស់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី « ការជម្រុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់ » នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។

    ឯកឧត្តម ជីវ សុងហាក់ បានបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យចំបងមួយក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈសព្វថ្ងៃនេះកម្ពុជាមានកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសទីផ្សារធំៗ ហើយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញទំនិញកសិផល ទៅលក់នៅលើទីផ្សារអន្តរជាតិបានច្រើនជាងមុន ។ ទន្ទឹមនឹងការកើនឡើងផ្នែកសេដ្ឋកិច្ច ដែលបានមកពីវិស័យកសិកម្ម កិច្ចគាំពារផ្នែកច្បាប់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជម្រុញឲ្យអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមានទំនុកចិត្ត ចំពោះការវិនិយោគ និងកិច្ចការប្រកបអាជីវកម្មរបស់ពួកគេផងដែរ ។

    ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា តាមរយះសិក្ខាសាលានេះ សិក្ខាកាមនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើការអភិវឌ្ឍន៍វិស័យកសិម្ម ។

    លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារគ្រប់គ្រងនិសិត្យអាហារូបករណ៍ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ក៏ដូចជាការបញ្ជ្រាបចំណេះដឹង និងលើកកម្ពស់ការអនុវត្តច្បាប់ ជម្រុញដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាគន្លឹះអាទិភាពចំបងមួយ ក្នុងការជម្រុញសេដ្ឋកិច្ចឆ្ពោះទៅរកភាពរីកចម្រើន និងស្ថានភាពប្រសើរឡើងលើផលិតផលកសិកម្ម ការនាំចេញ ជូនដល់សមាគម ប្រជាកសិករ ធុរជន ម្ចាស់ក្រុមហ៊ុន សហគ្រាស កសិដ្ឋាប អាជីវករ មន្ត្រីរាជការ និសិត្យ និងសាធារណៈជន ឲ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង