សម្តេច​ធិប​តី​៖ កម្ពុជា​គ្មាន​មហិច្ឆតា​រំលោភ​បំពាន​ ឬឈ្លាន​ពាន​ប្រទេស​ណា​នោះ​ទេ​

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាកម្ពុជាគ្មាន មហិច្ឆតារំលោភបំពាន ឬឈ្លានពានប្រទេស​ណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាសិទ្ធិរបស់កម្ពុជាដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ។សម្តេចធិបតី បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូ​មិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

    សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «កម្ពុជាគឺគ្មានមហិច្ឆតានៅក្នុងការរំលោភឈ្លានពានអ្នកណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាសិទ្ធិរបស់កម្ពុជា ដូចជាប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយដែលមានច្បាប់ហាមឃាត់មិនឲ្យធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួនទេ»។

    សម្ដេចធិបតី បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពកងទ័ពគឺដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ទាំងក្នុងក្របខណ្ឌរបស់កម្ពុជា និងក្របខណ្ឌតំបន់។ បើសិនជាមានស្ថានភាពអ្វីកើតឡើង ឧក្រិដ្ឋកម្ម ឧទាហរណ៍ ភេរវកម្ម ឬមួយក៏បញ្ហាអ្វីដែលកើតមានឡើង ដែលត្រូវការការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង