ពាក់ព័ន្ធនឹងអំពើហឹង្សារបស់ក្រុមក្មេងសិស្សសាលា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមាន២នាក់ ជាជនដៃដល់ និង៣នាក់ទៀតជាអ្នកសំគំនិត។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ៥នាក់ ត្រូវអនុវត្តតាមវិធានការណ៍ច្បាប់ គឺមិនមានការអប់រំនោះទេ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ថា ការចាត់វិធានការតាមផ្លូវច្បាប់ទៅលើជន
បង្កទាំង៥នាក់នេះ ក៏ជាសារមួយរំឭកដល់យុវជន ដែលនាំឱ្យខ្លួនក្លាយជាក្មេងទំនើង មានអំពើហឹង្សាឱ្យមានការប្រុងប្រយ័ត្ន និងត្រូវរក្សាខ្លួនឱ្យក្លាយជាយុវជនល្អ ដើម្បីធ្វើជាទំពាំងស្នងឫស្សី ក្នុងកិច្ចការងារចូលរួមការកសាងប្រទេសជាតិកុំឱ្យធ្លាក់ខ្លួនជាជនបង្កហឹង្សាដូចករណីខាងលើនេះ។ កិច្ចការងានេះដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឱ្យចាត់វិធានការណ៍នាំខ្លួនក្មេងទំនើងទាំង៥នាក់នោះមកអនុវត្តតាមនិតិវិធីច្បាប់។ អ្វីដែលជាការប្តេជ្ញាដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ជួន ណារិន្ទ គឺនៅតែបន្តអនុវត្តរឹតបន្តឹងចំពោះក្មេងទំនើង ដែលបង្កហឹង្សានៅតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានោះផងដែរសមត្ថកិច្ច ក៏បានអំពាវនាវដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់មើលថែទាំកូនឱ្យបានដឹតដល់ ដើម្បីកុំឱ្យកូនដើរលេងសេពគប់មិត្តភក្រ្តមិនល្អក្លាយទៅជាក្មេងទំនើងបង្កបញ្ហាអសន្តិសុខផ្សេងៗជាហេតុនាំឱ្យប្រឈមចំពោះមុខច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ត្រូវចោទប្រកាន់ពីបទអំពើហឹង្សាដោយចេតនា និងត្រូវចាត់ការតាមនិតិវិធីច្បាប់៕











