កំពង់ឆ្នាំង ៖រយៈពេលប៣ថ្ងៃគឺថ្ងៃទី១៣,១៤ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរប្រមាណជាង១៦ម៉ឺននាក់ បានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍បានបង្ហាញថា រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរ ចំនួន ១៦៨ ០៦១នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន២៨២នាក់ផងដែរ បានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍និងរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះខេត្តកំពង់ឆ្នាំង បានក្លាយទៅជាខេត្តគោលដៅមួយ ដែលមានសក្ដានុពលទេសចរណ៍នារដូវភ្ជុំបិណ្ឌដោយសារខេត្តនេះមានការអភិវឌ្ឍ និងមានតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរ ។ក្រៅពីនោះក៏មានការចូលរួមចំណែកពីភាពល្អប្រសើរ នៃសន្តិសុខសុវត្ថិភាព និងសន្តិភាព ដែលជាកត្តាចំបង ។

លោក សេង សាលី បានឲ្យដឹងថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរ ទៅលេងច្រើនជាងគេរួមមាន ទំនប់ស្ទាក់ទឹកស្ទឹងគង្គា ,ទឹកធ្លាក់ថ្មក្រាល ,ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់ម្ភៃឧសភា ស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ស្ទាក់ទឹកអាចាំងតំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូរណ៍ ទឹកជ្រោះអូរដារ ទំនប់ច្រកបាក់ដាវ ស្ថិតក្នុងស្រុកកំពង់លែង វត្តត្រឡែងកែង ស្ថិតក្នុងស្រុកកំពង់ត្រឡាច វត្តភ្នំព្រះធាតុ ស្ថិតក្នងស្រុកសាមគ្គីមានជ័យ និងមាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ៕











