អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង​ អំពាវ​នាវ​ដល់​សិស្សា​នុ​សិស្ស​ខិត​ខំ​រៀន​សូត្រ​និ​ង​ត្រូ​វ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​

  • កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្ស យុវជន យុវនារី ត្រូវបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមឲ្យបានសស្រាក់សស្រាំក្នុងអំពើល្អ ដើម្បីការរីកចម្រើនក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀននិងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។

    លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវបែបនេះ នៅក្នុងឳកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែមករាឆ្នាំ២០២៣ ។

    លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពា​រ​ឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការធានាបាន នូវដំណើរការសាលារៀន និងការបង្រៀនប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលតាមគ្រប់រូបភាព ក្នុងអំឡងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ.១៩ នាពេលកន្លងមក ។

    លោកស្រី លឿង បញ្ញាវុធ នាយកាស្តីទី វិទ្យាល័យព្រះបាទសុរាម្រឹត បានឲ្យដឹងថានៅក្នុងឆ្នាំសិក្សា២០២១.២០២២ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិជាប់ចំនួន៣២៨នាក់ ស្មើនឹង៨៨,៦៤ភាគរយ ក្នុងនោះនិទ្ទេសល្អចំនួន៦៩នាក់ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសិស្សប្រឡងជាប់ចំនួន ៣៣៦នាក់ ស្មើនឹង៦៧,៦០ភាគរយ ស្រីចំនួន២០៥នាក់ ក្នុងនោះនិទ្ទេសA ចំនួន១០នាក់ ,និទ្ទេសB ចំនួន​២៤​នាក់,និទ្ទេស C ចំនួន៦៨នាក់,និទ្ទេសD ចំនួន១០៧នាក់,និងនិទ្ទេស E ចំនួន១២៧នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង