កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរំលឹកបន្ថែមទៀតទៅកាន់អភិបាលក្រុង ស្រុក ឲ្យរៀបចំដាក់បញ្ចាំងស្លាយ នៅតាមទីសាធារណៈ ផ្សាយបន្តផ្ទាល់ពីសកម្មភាព នៃការប្រកួតកីឡាស៊ីហ្គេម ឲ្យបានច្រើនកន្លែង ដើម្បីប្រជាពលរដ្ឋបានទស្សនា ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្រើនរំលឹកទៅកាន់លោកអភិបាល ក្រុង ស្រុកបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៤៧ អាណត្តិទី៣ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ ពីសកម្មភាពនៃការប្រកួតកីឡាស៊ីហ្គេម ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការបានទស្សនា នៅតាមទីសាធារណៈក្នុងក្រុងស្រុកទាំង៨ ចាប់ពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ចប់ការប្រកួត ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នៅក្នុងក្រុងកំពង់ឆ្នាំង មាន៣ទីតាំង ដែលទីតាំងទី១ នៅសួនច្បារវិមានឯករាជ្យ ទីតាំងទី២នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល និងទីតាំងទី៣ នៅសួនបាញ់ទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានធ្វើការណែនាំបន្ថែមទៀតដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរក្សាឲ្យបាននូវសន្តិសុខល្អប្រសើរផងដែរ. ៕










