កំពង់ឆ្នាំង៖នៅក្នុងឳកាសអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន៤ ។ ដែលទីតាំងទី១ នៅសួនវិមានឯករាជ្យ ទីតាំងទី២ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ទីតាំងទី៣នៅសួនបាញ់ទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ត្រជាក់ ក្នុងសង្កាត់ផ្សារឆ្នាំង ។

នៅទីតាំងទាំង៤នេះនឹងមានរៀបចំការលេងល្បែងប្រជាប្រិយ៍ប្រពៃណីជាតិគ្រប់ប្រភេទ ការប្រគំតន្ត្រីរាំលេងកំសាន្ត និងមានការបាញ់កាំជ្រួចផងដែរ រយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងនគរបាលជាង៦០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមគោលដៅនានា នៅទូទាំងខេត្ត ដើម្បីការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ក្នុងខណៈពេលដែលមានប្រជាពលរដ្ឋជាច្រើន បានធ្វើដំណើរទៅកាន់ទីអារាម និងកន្លែងកំសាន្តនានា ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីអាជ្ញាធរ ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងមន្ទីរអង្គភាព ក្នុងខេត្តដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត ឆ្នាំថ្មី ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បាន ក្រើនរំលឹកបន្ថែមទៀតដល់មន្ត្រី ដែលពាក់ព័ន្ធទាំងអស់ត្រូវរួមសហការរៀបចំឲ្យបានល្អតាមផែនការ ដែលរដ្ឋបាលខេត្តបានដាក់ជូនធ្វើយ៉ាងណាបង្ករបរិយាកាសសម្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋមកលេងកំសាន្ត ៕