ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវសាស្ត្រាចារ្យ ឱសថបណ្ឌិត ទេព រង្ស៉ី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា នាភោជនីដ្ឋានទន្លបាសាក់២ ក្បាលថ្នល់ រាជធានីភ្នំពេញ ។

ពិធីនេះធ្វើឡើងដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ( ៨ មីនា ១៩១១ – ៨ មីនា ២០២៣ ) ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសំដែងនូវការកោតសរសើរចំពោះលទ្ធផលការងាររបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលជាការបង្ហាញនូវស្មារតី សហការសាមគ្គីជួយគ្នាទៅវិញទៅមក ដែលជាចំណុចសំខាន់ឈានទៅរកភាពជោគជ័យរបស់ក្រសួងព័ត៌មានទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា សម័យ ឌីជីថល ៤.០ គីមានការវិវឌ្ឍលឿនណាស់ តែសំខាន់គឺចំណេះដឹងទូទៅ ដោយក្នុងនោះសមាគមនារីក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីផ្តល់នូវការយល់ដឹងទូទៅ មិនត្រឹមតែចេះប្រើប្រាស់កុំព្យូទ័រ ចេះផ្នែកប្រពន្ធ័ ឌីជីថល មិនមែនមានន័យថាយើងចេះនោះទេ ព្រោះសង្គមមានភាពស្មុគស្មាញ ជ្រាលជ្រៅ ពិសេសផ្នែកច្បាប់ និងនយោបាយ ។

ឯកឧត្តម បានលើកពីការវិវឌ្ឍនៃការឃើញនូវបច្ចេកវិទ្យាថ្មីក្នុងសម័យ ឌីជីថល ដោយនៅសប្តាហ៍កន្លងមកនេះ គឺគេបានបញ្ចេញនូវ បញ្ញាញាណសិប្បនិម្ម ទើបសម្រេចការប្រឡងបរិញ្ញាបត្រច្បាប់ជាប់ បានន័យថា នៅពេលគេដាក់សំណួរទៅទាំងប៉ុន្មាន គឺអាចឆ្លើយបានស្ទើរតែទាំងអស់ ហើយត្រូវល្អ។ ដូច្នេះ គេកំពុងពិចារណាក្នុងការដាក់ឲ្យប្រើប្រាស់ ហើយសម្រាប់កម្ពុជាយើងក៏អាចប្រើបានដែរ តែត្រូវបង់ប្រាក់ ដែលអាចឲ្យយើងសួរសំណួរអ្វីក៏បានដែរ អោយធ្វើតែងសេចក្តីឲ្យ សរសេរអត្ថបទឲ្យក៏បានដែរ។

ឆ្លៀតក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសេរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងបុរស និងស្រ្តី ដែលបានប្រឹងប្រែងរួមគ្នាធ្វើកិច្ចការងារទោះជួបការលំបាក ខ្វះខាតយ៉ាងណាក៏ដោយ តែបានប្រឹងទាំងអស់គ្នា ហើយការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបាននោះទេ ពិសេសនៅក្នុងដំណាក់កាលដែលកំពុងមានភាពសំបូរបែប នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook TV Online ដោយតម្រូវអោយមន្ត្រីព័ត៌មាន ធ្វើការរួមគ្នាសំខាន់បំផុត ទោះបីពេលខ្លះយឺតបន្តិចតែគ្រប់គ្រាន់។ កិច្ចការងារទាំងនេះស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន បានលើកឡើង «ប្លែកលឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន» ក្នុង ៥ នេះអ្វីដែលសំខាន់គឺទុកចិត្តបាន ៕
