កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ទាំងអស់ជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនងាកមកលេងកីឡា ហើយជៀសវាងទៅប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ។ ការអំពាវនាវរបស់ឯកឧត្តមដូចនេះ បានធ្វឡើងនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិល្សានិងមធ្យមសិក្សាជ្រើសជើងឯកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាមាន កិត្តិយស ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ។ តាមរយះព្រឹត្តិការណ៍នេះ ជាមោទនភាពជាតិ ដែលព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញពីសន្តិភាព សាមគ្គីភាព សុខដុមនីយភាព វិសេសភាពនៃអរិយធម៌ វប្បធម៌ និងសក្តានុពលរបស់កម្ពុជា ទៅកាន់សកលលោកផងដែរ ។
ជាមួយគ្នានេះ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២,២០២៣ នៅខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ខែកុម្ភៈ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការនី ចូលរួមសរុបចំនួន ១ ៧០០នាក់ ៕




