កំពង់ឆ្នាំង ៖ បទល្មើសនេសាទ របាំងស្បៃមុងចំនួន១៤កន្លែង និងរបាំងសាច់អួន៥កន្លែង ដែលជនខិលខូចលួចធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រី នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកជលគិរី និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផល ធ្វើការបង្ក្រាបនិងរុះរើបំផ្លាញចោល ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជល ផលជលគិរី សង្កាត់រដ្ឋបាលជលផល បរិបូរណ៍ និងសហគមន៍នេសាទ បានចុះល្បាត ហើយប្រទះឃើញបទល្មើសរបាំងស្បៃមុង និង របាំងសាច់អួន ដែលជលខិលខូចដាក់ស្ទាក់ចាប់ត្រី ។
ក្នុងពេលនោះកម្លាំងជំនាញ បានសម្រេចធ្វើការរុះរើនិងបំផ្លាញចោលមាន របាំងសាច់អួន១៤កន្លែង ប្រវែង៤៥០ម៉ែត្រ លូស្បៃមុង១៥មាត់ ។ របាំងសាច់អួន៥កន្លែង ប្រវែង៥០០ម៉ែត្រ លូសាច់អួន៨មាត់ បង្គោលសរុបចំនួន៦០០ដើម និងចាក់លែងត្រីចម្រុះចំនួន២៥០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។
លោក លី ឡា បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើឧបករណ៍ល្មើសច្បាប់ ចាប់ត្រីជាបន្តទៀត ពិសេសឧបករណ៍ឆក់និងស្បៃមុង ដែលជាប្រភេទឧបករណ៍ បំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ៕











