ឯក​ឧត្តម ស៊ុន សុវ​ណ្ណារិទ្ធិ ក្រើនរំលឹក​ដល់​អភិបាល​ក្រុងកំ​ពង់ឆ្នាំង​ទើបឡើ​ង​ថ្មី ឲ្យ​បង្កើន​​​សាម​គ្គីភាព​​ផ្ទៃ​ក្នុង ដើម្បី​​ប្រ​សិទ្ធ​ភាព​​ការ​​ងារ

  • កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹក ដល់គណៈអភិបាល និង ក្រុមប្រឹ​ក្សាក្រុងកំ​ពង់ឆ្នាំង ត្រូវ​បង្កើន​ការសាមគ្គីភាពផ្ទៃក្នុងឲ្យ​បានល្អ ដើម្បីប្រសិ​ទ្ធ​ភាព​ការងារ ។ ការក្រើនរំលឹករបស់ឯកឧត្តម អភិបាលខេត្ត​បែបនេះ​ បានធ្វើ​ឡើង​​​នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ លោក ហ៊ីង ភ័ព្វមិនា ជាអភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក យិន សាវ៉េន ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង​ត្រូវ​តែរួមសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ប្រកប​ដោ​យ​ឆន្ទះតែមួយក្នុងស្មារតីទទួលខុសត្រូវ ហ្មត់ចត់ និង លើកគោលការណ៍ដឹកនាំលើគ្រប់វិស័យ ។ ក្នុងនោះការងារចំបងមាន​​ការងារ​​​កំ​​ណែ​ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ​គឺការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ និង ការងារសេដ្ឋកិច្ច​​សង្គម ។ ជាពិ​សេ​ស​​ត្រូវយកចិត្តទុកដាក់បង្កើតមុខរបរ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

    ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏ដាក់បទបញ្ជាដល់គណៈអភិបាលក្រុង និង មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវ​ទប់ស្កាត់​​និង​បង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធិភាព ព្រមទាំងលប់​បំបាត់ឲ្យ​​អស់នូវល្បែងស៊ី​សងគ្រប់ប្រភេទ នៅក្នុងដែន​សមត្ថ​​កិច្ច​​រ​បស់​ខ្លួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង