កំពង់ឆ្នាំង៖ រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិចំនួន៤កន្លែងរួមមាន រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់បង្គងរនាប និងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាគោល ដៅ ទេសចរណ៍ សំខាន់ដែលរំពឹងថានឹងមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត ច្រើននារដូវបុណ្យភ្ជុំបិណ្ឌនេះ។
មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទីតាំងភូមិសាស្រ្តរបស់រមណីយដ្ឋានទឹកជ្រោះ និងព្រៃភ្នំយ៉ាងស្រស់ស្អាតទាំង៤នេះ មានដូចជា ទី១. ទឹកធ្លាក់អន្លង់ស្វាយ ដែលស្ថិតនៅក្នុង ភូមិដូងស្លា ឃុំក្បាលទឹក ទី២. ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ទី៣. ទឹកធ្លាក់ថ្មក្រាល មានទីតាំង ស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប និងទី៤ ទឹកធ្លាក់បង្គងរនាប មានទីតាំងឃុំជៀប ។
គួរបញ្ជាក់ថា ក្រៅពីប្រជាជនទូទៅស្គាល់ថាជាខេត្តល្បីល្បាញរឿងផលិត ក្អម ឆ្នាំងអំពី ដីនោះ ខេត្តកំពង់ឆ្នាំង ក៏កំពុងមានភាពល្បីល្បាញ ជាខេត្តដែលមានរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ បង្កប់ខ្លួននៅ តាមតំបន់ភ្នំ និងតាមដងទន្លេ ជាទាក់ទាញសម្រាប់ វិស័យទេសចរណ៍មួយដែរក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នស្រុកទឹកផុស ក៏បានក្លាយជាស្រុកមួយរបស់ខេត្តកំពង់ឆ្នាំង ដែលមានភ័ព្វសំណាងទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនពីរាជរដ្ឋាភិបាល។ ការអភិវឌ្ឍន៍ ទាំងនោះរួមមាន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងអាគាររដ្ឋបាលសាលាស្រុកជាដើមនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕