ទំនប់ចាក់ទឹម និងទំនប់ដូនពៅ ស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។បើតាមការចុះពិនិត្យការខូចខាតរបស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ២០២២ បានឃើញថា ទំនប់ចាក់ទឹម បានខូចខាតប្រវែងប្រហែល ១០០ម៉ែត្រ ជម្រៅប្រហែល ១០ ម៉ែត្រ និងខូចខាតត្រង់ចំនុចស្ពានថ្មអូរឃ្លៃ ភូមិតានៃ ប្រវែង ១៥ម៉ែត្រ ជម្រៅ៣.៥ម៉ែត្រ ហើយពេលនេះគ្រឿងចក្រក្រសួងធនធានទឹកនិងឧតុនិយមបានចាប់ជួសជុលហើយ ។ ដោយឡែក ទំនប់ដូនពៅ ទឹកបានបុកដាច់ភ្លឺខាងជើងប្រឡាយប្រវែង ១៥០ម៉ែត្រ ទទឹងចាប់ពី០.៥ម៉ែត្រ ទៅដល់២ម៉ែត្រ រីឯភ្លឺខាងត្បូងប្រឡាយមិនទាន់វាយតម្លៃបានមូលហេតុទឹកកំពុងតែហូរបុកនៅព្រឹកនេះ ។

ពាក់ព័ន្ធនិងជំនន់ទឹកភ្លៀងនេះ អាជ្ញាធរស្រុកទឹកផុស ក៏បិទផ្អាកការធ្វើដំណើរចូលមកកំសាន្តនៅ តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលមួយរយៈសិន ចាប់ពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២នេះតទៅ ដោយសារផ្លូវឆ្លងកាត់ទៅតំបន់ទេសចរណ៍បានដាច់ដោយសារជំនន់ទឹកភ្លៀង៕