កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចឲ្យបង្កើនការយកចិត្តដាក់ក្នុងការគ្រប់គ្រង ថែរក្សាព្រៃលិចទឹក និងត្រូវទប់ស្កាត់បទល្មើសបទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច នៅមូលដ្ឋាន ត្រូវរួមសហការគ្នាជាមួយមន្ត្រីជំនាញធ្វើការគ្រប់គ្រង និងទប់ស្កាត់ សកម្មភាពកាប់រុករាន ទន្ទ្រានព្រៃលិចទឹក និង បទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្មានប្រសិទ្ធភាព ។ ចំពោះជនប្រព្រឹត្តល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ ឲ្យបានតឹងរឹងបំផុត ដោយមិនមានការលើកលែងនោះឡើយ ។

ឯកឧត្តម អភិបាលខេត្ត បានជម្រុញឲ្យមន្ត្រីអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់ ចុះដោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ពង្រឹងវិធានការរដ្ឋបាល ច្បាប់ ដើម្បីការពារទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និង បទល្មើសសផ្សេងៗទៀត ៕