គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​ មក​ទស្សន​កិច្ច​ស្វែង​យល់​ពី​បច្ចេក​ទេស​ និង​សកម្មភាព​កំចាត់​មីន​ពី​កម្ពុជា​

  • កំពង់ឆ្នាំង៖ គណៈប្រតិភូ អ៊ុយក្រែន ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន លោក Bogdan Drapiatyi អមដំណើរដោយមន្ត្រីជាន់ខ្ពស់ មកពីក្រសួងសេដ្ឋកិច្ច និងតំណាងអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នំា ២០២៤ បានមកទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំង ស្ថិតនៅខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែង​យល់ពីតម្រូវការលើជំនាញពាក់ព័ន្ធសកម្មភាពកំចាត់មីន សម្រាប់បណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់ខ្លួន នៅពេលខាងមុខ។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានវត្តមាន មន្រ្តីជាន់ខ្ពស់មកពីទីភ្នាក់​ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលរួមផងដែរ។ លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ រួមជាមួយមន្រ្តីជំនាញ បានជម្រាបជូនគណៈប្រតិភូពីហេរដ្ឋារចនាសម្ព័ន្ធ នៅក្នុងវិទ្យាស្ថានដែលរួមមាន មណ្ឌលសុនខ និងអង្គភាពពិសេសកាត់បន្សាបគ្រាប់ ជាដើម។ ដោយមានការគាំទ្រពីប្រទេសជប៉ុន តាមរយៈគម្រោង JICA ក្នុងការកសាងអគារហ្វឹកហ្វឺនបន្ថែមទៀតនោះ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នឹងក្លាយជាមជ្ឈមណ្ឌលក្នុងការផ្តល់ការហ្វឹកហ្វឺនក្នុងវិស័យសកម្មភាពមីន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថា គោលបំណង នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូ អ៊ុយក្រែន មកកម្ពុជា គឺដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រស្តីពីសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា និងដើម្បីស្វែងយល់ពីប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ពិសេសប្រតិបត្តិការដោយការប្រើប្រាស់គ្រឿងចក្រ​បោសសម្អាតមីនជប៉ុន និងឧបករណ៍រាវរកមីន ដែលនឹងផ្តល់ជូនដល់អ៊ុយក្រែន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន។ បន្ទាប់ពីបានទស្សនា នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរួចហើយ គណៈប្រតិភូអ៊ុយក្រែន នឹងបន្តដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីទស្សនារោងជាងកណ្តាល ដែលមានទីតាំងនៅក្នុងកងឯកភាពកំចាត់មីនទី២ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង