រដ្ឋបាល​ខេត្តព្រះ​សីហនុ ផ្អាកចរាចរបណ្តោះអាសន្ននៅលើកំ​ណា​ត់ផ្លូ​វជាតិ​លេខ៤ ចំណុច​​ស្ពានស្ទឹង​សំរោង ចន្លោះគីឡូម៉ែ​ត្រលេខ ១១៥-១១៦

  • រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច​ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែ ត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុក​កំពង់សីលា ។ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំ​មន្ត្រី​ជំនាញ​ ចុះ​ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ។​

    រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ​ការផ្អាកនេះដោយសារតែមកដល់ម៉ោង៤:១៥នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ កម្រិតជំនន់ទឹកភ្លៀងបានកើន​ឡើង​ជា​លំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ។ ស្ថានភាព​បែបនេះមិនអាច​អនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទ​ធ្វើ​ដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។

    រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា​ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមាន​ការ​​បាក់​ស្រុត ធានា​ប្រើប្រាស់​បាន​យូរ​អង្វែង អាជ្ញាធរ បានផ្អាកចរាចរបណ្តោះ អាសន្ន​ចំពោះ​យានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូ​ម៉ែត្រ លេខ១១៥​-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០​២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

    រដ្ឋបាលខេត្តព្រះសីហនុ បានបន្តថា ក្នុងករណីក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើ​​ដំណើរតាម​ផ្លូវជាតិលេខ៤ ទៅមកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិ​លេខ៣ ជំនួសវិញ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង