ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ឯកឧត្តម ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា លោក លោកស្រី ជាសមាជិក សមាជិការ គណៈកម្មាធិការសាខា បានអញ្ជើញចុះជួបសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ និង ខូចខាតចំនួន ៨គ្រួសារ នៅក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ ។ ឯកឧត្តមបានផ្តាំផ្ញើ ឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ និង ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និង ការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។

អំណោយមុស្សធម៌ ដែលត្រូវចែកជូនដល់គ្រួសាររងគ្រោះនាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត ១កញ្ចប់មាន ( មុង១ ភួយ១ សារុង១ ក្រមា១) តង់ធំ ១ និង ថវិកាមួយចំនួន ៕











