ផ្លូវល្បឿន​លឿន​ពីភ្នំពេញ-ព្រះសីហនុ នឹង​​ដាក់​ឱ្យប្រើប្រាស់​សាកល្បងនៅ​ខែ​កក្កដា ឆ្នាំ​២០​២២​នេះ

  • ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។
    ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។
    ការដាក់ដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ពី៧ម៉ែត្រ ទៅ១១ម៉ែត្រ។ ទន្ទឹមនឹង​ការដាក់​ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងនឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនយល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ។ ក្នុងនោះដែរ ផ្លូវនេះនឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរនោះទេ។
    សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង